ប្រទេសជាច្រើននៅអាស៊ី រងការវាយប្រហារខ្លាំងពីរលកកម្ដៅ ប្រទេសខ្លះកម្ដៅឡើងជិត ៥០ អង្សា

តាមការចេញផ្សាយរបស់សារព័ត៌មាន The Independent កាលពីសប្ដាហ៍មុន បណ្ដាប្រទេសជាច្រើននៅអាស៊ី បានជួបប្រទះការវាយប្រហារខ្លាំងពីរលកកម្ដៅ ខណៈសីតុណ្ហភាពនៅតែបន្តកើនឡើងក្នុងប្រទេសទាំងនោះ។

បើទោះបីជារដូវក្ដៅទើបតែចូលមកក៏ពិតមែន ប៉ុន្តែសង្កេតឃើញថាបណ្ដាប្រទេសមួយចំនួនក្នុងតំបន់អាស៊ី ដូចជាប្រទេស ឥណ្ឌា ចិន ថៃ ឡាវ បង់ក្លាដេស តួកម៉េនីស្ថាន ជប៉ុន និង កូរ៉េ គឺរងការប៉ះពាល់ខ្លាំងក្លាពីរលកកម្ដៅ។

ជាក់ស្ដែងនៅប្រទេសថៃ សីតុណ្ហភាពបានកើនឡើងខ្ពស់នៅតាមបណ្ដាខេត្តនៅភាគខាងលិច ដែលសីតុណ្ហភាពគឺបានហក់ឡើងដល់ ៤៤.៦ អង្សាសេឯណោះ។ បើងាកទៅប្រទេសឡាវវិញ ក្នុងរយៈពេល ២ ថ្ងៃជាប់គ្នា អាកាសធាតុកើនឡើងក្ដៅខ្លាំងដល់ ៤២.៩ អង្សាសេ នាតំបន់ Sainyabuli។

សម្រាប់ប្រទេសបង់ក្លាដេស អាកាសធាតុកើនឡើងដល់ ៤០.៦ អង្សាសេ និង ជប៉ុន ហើយកូរ៉េវិញ ក៏ជួបប្រទះអាកាសធាតុក្ដៅដែរ ដែលសីតុណ្ហភាពកើនលើស ៣០ អង្សាសេ។ បើតាមការរៀបរាប់ពីអ្នកជំនាញអាកាសធាតុ និង ប្រវត្តិអាកាសធាតុ Maximiliano Herrera បានឱ្យដឹងថា ហេតុការណ៍ធម្មជាតិនាពេលថ្មីៗនេះ គឺជា ការផ្ទុះរលកកម្ដៅដែលមិនធ្លាប់មានពីមុននៅអាស៊ី។ ជាមួយគ្នានេះដែរ អ្នកជំនាញផ្នែកអាកាសធាតុ រំពឹងទុកថា សីតុណ្ហភាពនឹងបន្តកើនឡើងនាខែក្រោយនេះ នៅពេលព្រឹត្តិការណ៍ El Nino ជិតមកដល់៕