បច្ចុប្បន្ននេះនៅកម្ពុជាជំងឺគ្រុនឈាមអាចកើតទៅលើមនុស្សពេញវ័យបានផងដែរ!

ជំងឺគ្រុនឈាមជាទូទៅតែងតែកើតមាននៅលើកុមារ តែបច្ចុប្បន្ននេះនៅកម្ពុជាក៏មានករណីខ្លះ ជំងឺនេះកើតមាននៅលើមនុស្សពេញវ័យដូចគ្នា។

យើងសង្កេតឃើញថា ជំងឺនេះច្រើនកើតឡើងនៅរដូវវស្សា ដោយហេតុថារដូវភ្លៀងជាអំណោយផលដល់ការកកើតពពួកមូសខ្លា ដែលជាភ្នាក់ងារចម្លងរោគ។

ក) រោគសញ្ញា៖
– ក្តៅខ្លួនខ្លាំង
– ឈឺក្បាល
– ឈឺសន្លាក់ដៃជើង និងសាច់ដុំ
– ក្អួតចង្អោរ
– ស្នាមអុចក្រហមលើស្បែក

ខ) ការវិវត្តន៍នៃជំងឺ និងផលវិបាក៖
១. ជាទូទៅរយៈពេលពី ៣ ទៅ ៤ថ្ងៃបន្ទាប់ពីមានរោគសញ្ញាដំបូង អ្នកជំងឺអាចស្តែងចេញនៅរោគសញ្ញាផ្សេងៗដូចជា៖
– ការហូរឈាមនៅក្នុងភ្នែក(Hémorragie Conjonctivale)
– ហូរឈាមតាមច្រមុះ
– ស្នាមជាំនៅលើស្បែក
ជំងឺនេះនឹងជាទៅវិញនៅចន្លោះ ១០ ទៅ ១៤ ថ្ងៃ ឬអាចយូរជាងនេះ។

២. ជំងឺគ្រុនឈាមមួយចំនួនអាចវិវត្តន៍ទៅរកសភាពធ្ងន់ធ្ងរ ដែលបណ្តាលមកពីការហូរឈាមតាមសរីរាង្គនានា (ប្រព័ន្ធរំលាយអាហារ ស្បែក និងក្នុងខួរក្បាល) ហើយដែលអាចបង្កអោយមានគ្រោះថ្នាក់ដល់អាយុជីវិត។

គ) ការកំណត់រោគវិនិច្ឆ័យ៖
ការកំណត់រោគវិនិច្ឆ័យត្រូវបានធ្វើឡើងដោយៈ
១. ការកំណត់រកពពួក Antigen NS1 នៅក្នុងឈាមអ្នកជំងឺ តែពពួក Antigen នេះនឹងបាត់ទៅវិញនៅថ្ងៃទី ៤ ឬទី៥ បន្ទាប់ពីការចេញរោគសញ្ញា។
២. ការកំណត់រកពពួក Antibody (IgM, IgG) ដែលនៅក្នុងឈាមអ្នកជំងឺ ហើយការកំណត់ពពួក Antibody នេះគឺអាចអោយយើងដឹងពីស្ថានភាពជំងឺដែលទើបនឹងកើត ឬកើតមកមួយរយៈពេលហើយ
៣. ការរាប់មេរោគ គ្រុនឈាមតាមរយៈ PCR (Polymerase chain reaction) គឺអាចកំណត់ដោយសុក្រឹត្យអំពីវត្តមានរបស់មេរោគគ្រុនឈាមដែលមាននៅក្នុងខ្លួនយើង តែតេស្តប្រភេទនេះនឹងត្រូវប្រើប្រាស់តែសំរាប់ការសិក្សាប៉ុណ្ណោះ។

ឃ) ការព្យាបាល៖
មកទល់ពេលបច្ចុប្បន្ននេះ នៅលើសកលលោកមិនទាន់មានការព្យាបាលអោយចំ ចំពោះជំងឺគ្រុនឈាមនេះនៅឡើយទេ។ ការព្យាបាល គឺត្រូវបានធ្វើឡើងដើម្បីកាត់បន្ថយ និងទប់ស្កាត់ជំងឺនេះ កុំអោយវិវត្តន៍ទៅរកសភាពធ្ងន់ធ្ងរ ដែលអាចប៉ះពាល់ដល់អាយុជីវិត។

ចំពោះវ៉ាក់សាំងប្រឆាំងនឹងជំងឺគ្រុនឈាម ត្រូវបានអនុញ្ញាតអោយប្រើប្រាស់កាលពីពេលថ្មីៗនេះ ដោយអង្គការសុខភាពពិភពលោក តែទោះជាយ៉ាងណា ការចរាចរណ៍នៃប្រភេទវ៉ាក់សាំងនេះនៅមានកម្រិតទាបនៅឡើយ។

ង) វិធីបង្ការ៖
យើងអាចការពារពីការឆ្លងជំងឺនេះដោយៈ
– លុបបំបាត់ជម្រកមូស
– ការពារពីមូស(ខ្លា)ខាំ (ពេលព្រឹក និងពេលព្រលប់):
+ គេងក្នុងមុង (ទាំងថ្ងៃ ទាំងយប់)
+ ស្លៀកសំលៀកបំពាក់ជិតៗ (មានពណ៌ចាំង)
+ ចៀសវាងនៅក្នុងទីងងឺត
+ ប្រើផលិតផលការពារមូស (លាបលើស្បែក)៕

«ចំពោះអ្នកជំងឺដែលមានអាការៈដូចបានរៀបរាប់ខាងលើ គួរអញ្ជើញមកធ្វើការពិគ្រោះជាមួយ គ្រូពេទ្យជំនាញដើម្បីអាចធ្វើរោគវិនិច្ឆ័យពិតប្រាកដនៃជំងឺនេះ ហើយការធ្វើរោគវិនិច្ឆ័យនោះ ត្រូវបានធ្វើឡើង ដោយការកំណត់រកមេរោគគ្រុនឈាមនេះនៅក្នុងឈាមអ្នកជំងឺ។»