មុននេះ! ខ្យល់​កន្ត្រាក់ ​វាយ​ប្រហារ ផ្ទាំង​ប៉ាណូ​ដ៏​ធំ​មួយ​ ​​​​​បាក់រលំធ្លាក់​កាត់​​ទទឹងផ្លូវ​ជាតិ​លេខ​៥ សង្កត់​​ម៉ូតូអ្នកដំណេីររងរបួស​ ហេីយកំពុងស្ទះចរាចរណ៍ខ្លាំង

រាជធានីភ្នំពេញ​ ៖ (ដំណឹង​បឋម)​​ នៅមុន​នេះ​បន្តិច​ ខណៈ​​មាន​ភ្លៀង​ធ្លាក់​ផង ខ្យល់ផង ថែម​ទាំង​ផ្លេក​បន្ទរផង នៅតាមបណ្ដាលខណ្ឌនានា​ ក្នុង​រាជធានី​​ភ្នំពេញ បានធ្វើ​ឱ្យ​ផ្ទាំង​ប៉ាណូ​ដ៏​ធំ​មួយ​​ត្រូវ​បាន​ខ្យល់​កន្ត្រាក់​វាយ​ប្រហារ​​​ធ្លាក់​ពីលើ​សសរ​ទាំង​២ មក​កាត់​ទទឹងផ្លូវ​ជាតិ​លេខ​៥ បណ្តាល​ឱ្យ​សង្កត់​​លើ​ម៉ូតូ​មួយ​គ្រឿង បណ្ដាលឲ្យ​អ្នក​បើក​បរ​ម្នាក់​ រង​របួស ត្រូវបាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​កាល់​ម៉ែតភ្លាមៗផងដែរ។

ហេតុ​ការណ៍​​នេះបានបង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាងខ្លាំងកាល​ពី​ម៉ោង​៤:០៦នាទីល្ងាច​ ថ្ងៃចន្ទ​ ទី​០៦ ខែ​ឧសភា ឆ្នាំ​២០១៩ ត្រង់​ចំណុច​ផ្លូវ​ភ្លោះ ស្ថិត​ក្នុង​ភូមិ​ស្ពាន​ខ្ពស់ សង្កាត់គីឡូ​ម៉ែត្រ​លេខ​៦ ខណ្ឌ​ឫស្សីកែវ។

សមត្ថកិច្ចបានប្រាប់អោយដឹងថា ផ្ទាំង​ប៉ាណូ​ខាងលើ​​ជា​របស់​ក្រុម​ហ៊ុន​មួយ ដែលជា​ផ្ទាំង​ប៉ាណូ​ដ៏​ធំ​មួយ​កាត់​ទទឹង​ផ្លូវ​ជាតិ​លេខ​៥ ​មាន​ប្រវែង​៥​ម៉ែត្រ​គុណ​នឹង​១០​ម៉ែត្រ​ជាង​ ។

ប្រភពព័ត៌មានពី​កន្លែង​កើតហេតុ​បានប្រាប់​ឱ្យ​ដឹង​ថា មុនពេល​កើត​ហេតុ បុរស​រង​គ្រោះ​ បាន​ជិះម៉ូតូមួយគ្រឿង​ ម៉ាកហុងដា Moov ពាក់ស្លាកលេខភ្នំពេញ​ 1FM-8539 ធ្វើ​ដំណើរតាម​ផ្លូវ​ជាតិ​លេខ៥ ​​ពី​ត្បូង​ទៅ​ជើង​ ខណៈ​ធ្វើ​ដំណើរ​មក​ដល់​ចំណុច​កើតហេតុ​ ស្រាប់តែ​ផ្ទាំង​ប៉ាណូ​ដ៏​​ធំ​ខាងលើ​នេះ ធ្លាក់​មក​សង្កត់​លើពី​កាត់​ទទឹងថ្នល់​បិទ​ផ្លូវ​​​ជាតិ​លេខ​៦​ បង្ក​ឱ្យ​មាន​ការ​កក​ស្ទះ​ចរា​ចរណ៍​តែម្តង ។

រហូត​មក​ដល់​ពេល​នេះ អាជ្ញាធរ​បានត្រឹម​តែ​ឈរ​មើល​ផ្ទាំង​ប៉ាណូ​បាក់​ទទឹង​ផ្លូវ​តែប៉ុណ្ណោះ ហើយ​អាជ្ញាធរខណ្ឌឬស្សីកែវ មានទាំងលោក​ ជា​ ពិសី​ អភិបាលខណ្ឌឬស្សីកែវ រួមទាំងលោក គល់ យី​ អធិការនគរបាលខណ្ឌឬស្សីកែវ ​បាន​ត្រឹម​តែ​ឈរ​សម្រួល​ចរាចរណ៍​ ដើម្បី​កុំ​​ឱ្យ​មាន​ការ​កក​ស្ទះ​ និងរកវិធីដើម្បីលើកផ្លាកប៉ាណូនោះចេញ ក្នុងការសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋហើយ​ឥឡូវ​មិន​ទាន់​បាន​យក​ម៉ាស៊ីនស្ទួច ឬ​គ្រឿង​ចក្រ​មក​កាត់​ផ្ទាំង​ប៉ាណូ​នោះ​ចេញ​នៅឡើយ​ទេ ៕