ខួបលេីកទី១៥៦​ ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា សប្បុរសជន បរិច្ចាកថវិកាជាង ២០លានដុល្លារ ចូលកាកបាទក្រហមកម្ពុជា

រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃពុធ​ ៥កេីត ខែពិសាខ ឆ្នាំកុរ​ ឯកស័ក​ ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ៨ ខែឧសភា ឆ្នាំ២០១៩នេះ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន​ បានប្រារឰពិធីអបអរខួបទី១៥៦​ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៩​ ក្រោមប្រធានបទ​ «ខ្ញុំ​ ❤️️ កាកបាទក្រហមកម្ពុជា​» និងអបអរខួប​ ១០០ឆ្នាំ​ នៃការបង្កេីតសហព័ន្ធអន្តរជាតិ ​នៃសមាគមកាកបាទក្រហម​ អឌ្ឍចន្ទក្រហម​ (១៩១៩-២០១៩)​ នៅទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា ក្នុងរាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។


ក្នុងឱកាសប្រារព្ធពិធីអបអរសាទរខួប ១៥៦ឆ្នាំ នៃទិវា កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០១៩ កាកបាទក្រហម​កម្ពុជា​ ទទួលបានថវិកាឧបត្ថម្ភពីសប្បុរសនានាសរុបចំនួន ២០.៧៥៧ .៥១០ ដុល្លារអាមេរិក ដើម្បីទ្រទ្រង់សកម្មភាពមនុស្សធម៌ នៅក្នុងប្រទេសកម្ពុជា។

ពិធីអបអរសាទរខួបលើកទី១៥៦ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភាឆ្នាំនេះ ធ្វើឡើងក្រោមប្រធានបទ “ខ្ញុំស្រលាញ់កាកបាទក្រហមកម្ពុជា I Love Cambodian Red Cross”។ ទន្ទឹមនឹងការប្រារព្ធពិធីអបអរសាទរខួបលើកទី១៥៦ ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨​ឧសភា ហើយនោះ ក៏មានការអបអរខួប១០០ឆ្នាំ នៃការបង្កើតសហព័ន្ធអន្តរជាតិ នៃសមាគមកាកបាទក្រហម អឌ្ឍចន្ទក្រហម (១៩១៩-២០១៩) ផងដែរ។

ពិធីនេះ មានការចូលរួមពីវត្តមានឥស្សរជន ថ្នាក់ដឹកនាំជាតិ អន្តរជាតិ សប្បុរសជន និងសិស្ស និស្សិតសរុបប្រមាណជាង​៤ពាន់នាក់។ ទិវានេះត្រូវបានប្រារព្ធឡើងដើម្បីផ្សព្វផ្សាយអំពីសមិទ្ធផលសម្រេចបាន និងកៀងគររកមូលនិធិដើម្បីបន្ដប្រតិបត្ដិការសកម្មភាពមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុតនៅទូទាំងប្រទេសកម្ពុជា ដោយមិនប្រកាន់និន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់។

តាមរបាយការណ៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាបានឲ្យដឹងថា ក្នុងឆ្នាំ២០១៨កន្លងទៅកាកបាទក្រហមកម្ពុជា បានផ្តល់អំណោយមនុស្សធម៌ដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុតចំនួន ១៣៩,១១៣គ្រួសារ ក្នុងនោះប្រជាពលរដ្ឋរងគ្រោះ ១០៣,៣៣២គ្រួសារ នឹងងាយរងគ្រោះបំផុតចំនួន ៥៤,៣៣៨គ្រួសារ ព្រមទាំងប្រជាពលរដ្ឋ ដែលទទួលសេវាកម្មមនុស្សធម៌ផ្សេងទៀតជាង ១០ម៉ឺនគ្រួសារ។

លើសពីនោះ កាកបាទក្រហមកម្ពុជា ក៏បានផ្តល់ផ្ទះដល់ចាស់ជរាគ្មានទីពឹង និងស្ត្រីមេម៉ាយកូនច្រើនបានចំនួន ១៦៧ខ្នងផ្ទះ, ផ្តល់អណ្តូងទឹកស្អាត ១៣៩អណ្ដូង, បង្គន់អនាម័យ ៤៥៣បង្គន់, ផ្តល់ស៊ីទែនទឹកចល័តចំនួន៤, ផ្តល់ទូកសហគមន៍ចំនួន៤ និងផ្តល់រទេះរុញដល់ជនពិការ ចំនួន ៥៥០គ្រឿង។ ថវិកាសប្បុរសធម៌នេះក្រៅពីជួយដល់ជនរងគ្រោះបណ្តាលមកពីគ្រោះធម្មជាតិ និងបញ្ហាផ្សេងៗនោះកាកបាទក្រហមកម្ពុជាបានយកថវិកាប្រមាណ ១លានដុល្លារ ក្នុង១ឆ្នាំឧបត្ថម្ភ ទៅមន្ទីរពេទ្យគន្ធបុប្ផាផង ចាប់តាំងពីឆ្នាំ២០១២មក។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានមានប្រសាសន៍ថ្លែងអំណរគុណ ដល់សប្បុរសជនជាតិ អន្តរជាតិ ម្ចាស់ក្រុមហ៊ុន សប្បុរសជននានា ក្រសួង ស្ថាប័នរបស់រាជរដ្ឋាភិបាល អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់កងយោធពលខេមរភូមិន្ទ កងនគរបាលជាតិ កងរាជអាវុធហត្ថ សាខាកាកបាទ ក្រហមកម្ពុជា រាជធានី-ខេត្តទាំង២៥ អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជាដែលតែងតែចូលរួមយ៉ាងសកម្មពុះពារនូវរាល់ការលំបាកធ្វើយ៉ាងណា ជួយសង្គ្រោះដល់អាយុជីវិតរបស់ប្រជាពលរដ្ឋនៅពេលមានឧបទ្ទវហេតុ ឬគ្រោះមហន្តរាយផ្សេងៗ និងជួយកាត់បន្ថយការលំបាក ភាពងាយរងគ្រោះទាំងឡាយ នៅគ្រប់ច្រកល្ហកទាំងនៅតំបន់ជិត ឬ តំបន់ឆ្ងាយដាច់ស្រយាល នៅទូទាំងព្រះរាជាណាចក្រកម្ពុជា បានកើតឡើងនាពេលកន្លងមកនៅតាមបណ្តាលខេត្តនានា។

ទន្ទឹមនឹងនេះ សម្តេចប្រធានកាកបាទក្រហមកម្ពុជា បានថ្លែងអំណរគុណដល់គណៈកម្មាធិការអន្តរជាតិកាកបាទក្រហម សហពន័្ធអន្តរជាតិ និងសមាគមជាតិជាដៃគូសហប្រតិបត្តិការទាំងអស់ដែលតែងតែផ្តល់នូវការគាំទ្រផ្នែកបច្ចេកទេស សម្ភារៈ ថវិកា និងពង្រឹងភាពជាដៃគូជាទីពេញចិត្ត រួមជាមួយនឹងស្ថានីយ៍ទូរទស្សន៍ អ្នកសារព័ត៌មានជាតិ-អន្តរជាតិ ដែលតែងតែចូលរួមយកព័ត៌មាន និងផ្សព្វផ្សាយរាល់សកម្មភាព និងសមទ្ធិផលរបស់កាកបាទក្រហមកម្ពុជា នារយៈពេលន្លងមក ជាពិសេសការលើកកម្ពស់ការយល់ដឹងពីសកម្មភាព និងសមទ្ធិផលរបស់កាកបាទក្រហមកម្ពុជា ហើយបានចូលរួមចំណែកយ៉ាងសកម្មធ្វើអោយកម្លាំងមនុស្សធម៍ ដែលជាវប្បធម៍ចែករំលែកនៅតែជាកម្លាំងដ៏រឹងមាំ និងជាប្រភពធនធានមិនចេះរីងស្ងួត។

ថ្ងៃនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបង្ហាញនូវក្តីសប្បាយរីករាយ និងអបអរសាទរចំពោះខួបលើកទី១៥៦ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០១៩ នាពេលនេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍បន្តថា តាមរយៈប្រធានបទ «ខ្ញុំស្រលាញ់កាកបទក្រហមកម្ពុជា» ឆ្នាំនេះ ពិជាមានន័យគ្រប់គ្រាន់សម្រាប់សកម្មភាពដ៏ប្រពៃរបស់កាកបាទក្រហមកម្ពុជាក្នុងវិស័យមនុស្សធម៌នេះ។ ទន្ទឹមនឹងនេះ សម្តេចតេជោតេជោនាយករដ្ឋមន្ត្រី បានអំពាវនាវ ឲ្យពាក្យស្លោក “ខ្ញុំស្រលាញ់ កាកបាទក្រហមកម្ពុជា I Love Cambodian Red Cross “ ក្លាយទៅជាការអនុវត្តជាក់ស្តែង និងជាចលនាជាតិទាំងមូល ចាប់ពីថ្នាក់កំពូល រហូតដល់ប្រជាពលរដ្ឋ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានបង្ហាញពីសារៈសំខាន់របស់កាកបាទក្រហមកម្ពុជា ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបម្រើដល់សកម្មភាពមនុស្សធម៌ ដែលបាននឹងកំពុងអនុវត្តយ៉ាងសកម្មក្នុងពេលបច្ចុប្បន្ននេះ ដើម្បីជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះធម្មជាតិ ឬដោយប្រកាសផ្សេងៗ។ ជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់កម្លាំងមនុស្សធម៌ ដែលមានអាជ្ញាធរគ្រប់លំដាប់ថ្នាក់ យុវជនស្ម័គ្រចិត្តតាមបណ្តារាជធានីខេត្ត-ក្រុងទាំង២៥ដែលបានចូលរួមឆ្លើយតបទាន់ពេលវេលាក្នុងកាជួយសង្គ្រោះប្រជាពលរដ្ឋដែលជួបរងគ្រោះដោយគ្រោះធម្មជាតិ ឬដោយប្រការផ្សេងៗកន្លងមក និងបានថ្លែងអំណរគុណដល់សប្បុរសជនជាតិ អន្តរជាតិ ដែលបានផ្តល់ជំនួយតាមរយៈកាកបាទក្រហមកម្ពុជាក្នុងសក្មភាពមនុស្សធម៍ដ៏ចាំបាច់មួយនេះ។

មុននឹងបញ្ចប់ សម្តេចតេជោនាយករដ្ឋមន្ត្រីបានជូនពរ សប្បុរសជន ភ្ញៀវជាតិ អន្តរជាតិ ថ្នាក់ដឹកនាំជាតិ ព្រមទាំងថ្នាក់ដឹកនាំការបាទក្រហមកម្ពុជាក្នុងសកម្មភាពមនុស្សធម៌ ជួបតែសេចក្តីសុខ សេចក្តីចម្រើន។

បន្ទាប់មក សម្តេចតេជោ ហ៊ុន សែន នឹងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្តល់កិត្តិយសទទួលថវិកាពីសប្បុរសជន​ដែលបានចូលរួមវិភាគទាន​ដល់សកម្មភាពមនុស្សធម៌កាកបាទក្រហមកម្ពុជា ព្រមទាំងបានអញ្ជើញ ពិនិត្យការតាំងពិព័រណ៍សមិទ្ធផល​ ស្នាដៃកាកបាទក្រហមកន្លងមក និងថតរូបអនុស្សាវរីយ៍ជាមួយសប្បុរសជន ក្នុងបរិយាកាសរីករាយ និងស្និទ្ធស្នាលបំផុត។​

សប្បុរសជនដែលបានបរិច្ចាគថវិកា គឺព្រះមហាក្សត្រ និងព្រះមហាក្សត្រិយ៍ មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល អ្នកឧកញ៉ា ឧកញ៉ា ជាម្ចាស់ក្រុមហ៊ុននានា រួមទាំងសិល្បៈ សិល្បការិនី និងប្រជាពលរដ្ឋធម្មតាផងដែរ៕