ព្រឹកមិញ​នេះ! កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនចោរឆក់ ២នាក់ ទៅតុលាការហេីយ​


រាជធានីភ្នំពេញ​ ៖ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវ បទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនចោរឆក់ ០២នាក់ ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ នាវេលាព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩។

​ជនសង្ស័យ​ទាំងពីរនាក់មានឈ្មោះដូចជា ទី១.មានឈ្មោះ​ វង្ស​ លីដា​ ភេទ​ប្រុស​ អាយុ​ ២៥ឆ្នាំ​ មុខរបរ​ជាងឡាន​ ស្នាក់​យាន​ដ្ឋាន​ទូចនាង​ ផ្លូវ​២០០៤​ សង្កាត់​ទឹក​ថ្លា​ ខណ្ឌ​ពោធិ៍សែនជ័យ​ មាន​ស្រុក​កំណើត​ ភូមិ​រក្ស​ជ័យ​ ឃុំ​រក្សជ័យ​ ស្រុក​បាភ្នំ​ ខេត្ត​ព្រៃវែង​ (ជាអ្នក​ធ្វើ​សកម្មភាព​)​ ។ ទី២.​មានឈ្មោះ​ ទូច​ វ​លក្ត័​ ភេទប្រុស​ អាយុ​ ៣២ឆ្នាំ​ មុខរបរ​ជាង​ឡាន​ ស្នាក់​នៅ​ជាមួយ​ ជនសង្ស័យ​ខាង​លើ​ មាន​ស្រុក​សង្កាត់​លេខ​១​ ក្រុង​ស្ទឹង​សែន​ ខេត្ត​កំពង់​ធំ ។ ​

សូមបញ្ជាក់ថា​ កាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង២១:៣០នាទី កម្លាំងល្បាតមូលដ្នានអាវុធហត្ថខណ្ឌចំការមន បានឃាត់ខ្លួនជនសង្ស័យ ០២នាក់ ខាងលើ ជាចោរឆក់ នៅចំណុច មុខផ្ទះលេខ៤៦២DEo (ហាងលក់ផ្លែឈើស្រីមុំ) ផ្លូវព្រះសីហនុ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន រាជធានីភ្នំពេញ ដែលពួកគេ បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ ០១គ្រឿង ម៉ាក Oppo ពណ៍ខ្មៅ របស់នារីរងគ្រោះ ឈ្មោះ ងឹម ឆវី ភេទស្រី អាយុ ២០ឆ្នាំ ជិះម៉ូតូ ០១គ្រឿង ម៉ាក Today កំពុងធ្វើដំណើរលើផ្លូវ តែត្រូវបានប្រជាពលរដ្ឋនៅក្បែរនោះឃើញ បានស្រែកឆោឡោរ លឺដល់សមត្ថកិច្ចអាវុធហត្ថខណ្ឌចំការមន ដែលកំពុងល្បាតក្នុងភូមិសាស្រ្ត របស់ខ្លួនឃើញ បានប្រដេញស្ទាក់ឃាត់ខ្លួនបានពួកគេទាំង ០២នាក់ តែម្តង។

ក្រោមវិធានការជំនាញ រូបគេទាំងពីរនាក់ខាងលើ បានសារភាពប្រាប់សមត្ថកិច្ចអាវុធហត្ថឲ្យដឹងថា ពួកគេជិះម៉ូតូ ០១គ្រឿង ម៉ាក ស្កូពី (Honda Scoopy) ពណ៌ក្រហម ស្លាកលេខកណ្តាល 1Q-6105 ចេញពីផ្ទះ ក្នុងគោលបំណងជិះដើរលេង តែគ្មានគោលដៅច្បាស់លាស់ ហេីយក៏ជិះតាមផ្លូវទៅជាច្រើនកន្លែងក្នុងរាជធានីភ្នំពេញ លុះពេលជិះដល់ចំណុចខាងលើ ក៏ប្រទះឃើញនារីរងគ្រោះ កំពុងជិះម៉ូតូនិយាយទូរស័ព្ទ ជាឳកាសល្អពួកគេ បានជិះទៅក្បែរនារីរងគ្រោះ ហើយធ្វើសកម្មភាពឆក់យកទូរស័ព្ទពីនារីនោះបានសម្រេច តែត្រូវបានប្រជាពលរដ្ឋនៅក្បែរនោះឃើញស្រែក ចោរៗ ហើយពួកគេជិះរត់តាមផ្លូវផ្សរអូឡាំពិកបានប្រហែល ៣០០ម៉ែត្រ ត្រូវសមត្ថកិច្ចអាវុធហត្ថខណ្ឌចំការមន ប្រដេញតាម​ស្ទាក់ឃាត់ខ្លួនបានតែម្តង។

ជនសង្ស័យ​បានឆ្លេីយប្រាប់អាវុធហត្ថទៀតថា ជារៀងរាល់ថ្ងៃ ពួកគេតែងតែប្រើប្រាស់គ្រឿងញៀនជាប្រចាំថ្ងៃផងដែរ។

បច្ចុប្បន្នសមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវ បទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនចោរឆក់ ០២នាក់ ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់៕