ចិនជេីងខ្លាំង២ក្រុម បេីករថយន្តទំនេីបបុកគ្នា​ ហេីយចុះមកវាយថែមទៀត​ របួសម្នាក់​ ហេីយមិនអស់ចិត្តហៅបក្ខពួកមកថែមទៀត​ ផ្អេីលសមត្ដកិច្ចខណ្ឌចំការមន​ សុំកម្លាំងជួយអន្តរាគមន៍!

រាជធានីភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍ នាពេលរាត្រីបង្កឡេីងដោយជនជាតិ​ចិនជាអ្នក​បេីកបរ​ កេីតឡេីងជាញឹកញាប់ណាស់ ជួនកាលពួកគាត់បង្កហិង្សាថែមទៀត​ ជាក់ស្ដែង​ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានបង្កឲ្យភ្ញាក់ផ្អេីលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋខ្មែរទាំងកណ្ដាលអាធ្រាត្រ បន្ទាប់ពីជនជាតិចិនអ្នកលេង​២ក្រុម បេីករថយន្តបុកគ្នាលាន់ដូចរន្ទះ បណ្តាលឲ្យរងការខូចខាតខ្ទេចរថយន្តទាំងសងខាង ហេីយឈានដល់កេីតមានហិង្សាដេញវាយគ្នាពេញផ្លូវផ្អេីលអស់សមត្ថកិច្ច។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡេីង​កាលពីវេលាម៉ោង០០:១០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចផ្លូវបំបែកជាបួន​ លេីផ្លូវលេខ៣៦០ កែងផ្លូវ៩៥ ស្ថិតក្នុងសង្កាត់បឹងកេងកងទី២ ព្រំប្រទល់ជាមួយសង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន រាជធានីភ្នំពេញ​។

តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យខេមប៉ុស្តិ៍ ដឹងថា មុនពេលកេីតហេតុ គេបានឃេីញរថយន្តមួយគ្រឿង ម៉ាក​ Starex ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AO-3367 បេីកបរដោយបុរសជនជាតិចិនម្នាក់ ធ្វេីដំណេីរតាមបណ្តោយផ្លូវ៣១០ ក្នុងទិសដៅពីកេីតទៅលិច ខណៈមកដល់ចំណុចកេីតហេតុ ស្រាប់តែមានរថយន្តមួយគ្រឿងទៀត ម៉ាកហីយ៉ាន់ដាយ ពណ៍ស ពាក់ស្លាកលេខភ្នំពេញ 2AZ-3693 បេីកបរដោយបុរសជនជាតិចិនម្នាក់ និងរួចដំណេីរប្រុសស្រី៥នាក់ទៀត ជាជនជាតិចិនដូចគ្នា ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ៩៥ ក្នុងទិសដៅពីត្បូងទៅជេីង ក្នុងល្បឿនយ៉ាងលឿន មិនប្រយ័ត្ន ក៏ជ្រុលបុកចំកង់ក្រោយចំហៀងខាងឆ្វេងពេញទំហឹង បណ្តាលឲ្យរថយន្តម្ខាងទៀតវិលមួយជុំរងការខូចខាតយ៉ាងដំណំ។

បន្ទាប់មកភាគីខាងរថយន្តពណ៍សដោយអាងគ្នាច្រេីនក៏ចុះពីរថយន្តដេញវាយភាគីម្ខាងទៀតទេីបតដៃរបួសម្នាក់។ មួយសន្ទុះក្រោយមកពួកគេមិនអស់ចិត្តក៏ហៅបក្ខពួកមកបន្ថែមទៀតទាំងសងខាង បំណងមកវាយគ្នាទៀត ទោះជាសមត្ថកិច្ចនៅកន្លែងកេីតហេតុក៏ដោយ​ ក៏ភាគីទាំងសងខាងហៅគ្នាមកកាន់តែច្រេីន​ បង្កការភ្ញាក់ផ្អើលដល់អ្នកប្រជាពលរដ្ឋ​ ភ្លាមនោះ​កម្លាំងសមត្ថកិច្ច​ខណ្ឌចំការមន​ បានរាយការណ៍សុំកម្លាំងបន្ថែម​ ចុះមកជួយអន្តរាគមន៍​ ទេីបក្រុមជនជាតិចិនទាំងនោះ​ បំបែកគ្នារៀងៗខ្លួន​ ។

បច្ចុប្បន្នក្រោយកេីតហេតុ​ សហការជាមួយ​សមត្ថកិច្ចផ្នែកវាស់វែង​ នៃអធិការដ្ឋាននគរបាលខណ្ឌចំការមន​ បានទាក់ទងទៅសមត្ថកិច្ចជំនាញ ចុះមកធ្វេីការវាស់វែងយករថយន្តទាំងពីរគ្រឿង យកទៅរក្សាទុកបណ្ដោះអាសន្ន​ នៅការិយាល័យចរាចរណ៍ជេីងគោក​ នៃស្នងការដ្ឋាននគរបាលរាជធានី ដេីម្បីរងចាំធ្វេីការដោះស្រាយតាមច្បាប់៕ ដោយបងម៉េង