ចោរជំនាញខ្ពស់​​ គាស់បង្អួចបន្ទប់​គណនេយ្យ ចូលគាស់ទូរដែក​ ប្រមូល​យកលុយ​អស់ជាង​១៤​ម៉ឺន​ដុល្លារ ក្នុង​ក្រុមហ៊ុន​ផលិត​ឥដ្ឋ RX

ខេត្តកណ្ដាល ៖ ពិតជាថ្លើមធំមែន ក្រុមចោរដ៏ជំនាញមួយក្រុុម បានធ្វើសកម្មភាពលួចគាស់បង្អួចបន្ទប់​គណនេយ្យ ក្នុងក្រុមហ៊ុន​ផលិត​ឥដ្ឋមួយកន្លែងទាំងកណ្តាលយប់ ដោយប្រើរយះពេលជាច្រើនម៉ោង ចូលរើកកាយ គាស់ទូរដែករហូតបានសម្រេច ប្រមូលយក​លុយ​អស់ជាង​១៤​ម៉ឺន​ដុល្លារ និងសម្ភារះមួយចំនួនទៀត គេចខ្លួនបាត់ដោយសុវត្ថិភាព ទាល់តែដល់ម៉ោងបុគ្គលិក​ចូលមក​បម្រើ​ការងារ​ ហេីយចាក់សោរហើយ​បើកទ្វារ​មិន​រួច ទេីបមានការ​សង្ស័យក៏ដេីរទៅ​មើល​ខាងក្រោយ ​ឃើញ​ស្នាម​គាស់​បង្អួច ទើប​ផ្អេីលឆោឡោ រាយការណ៍​ប្រាប់សម​ត្ថិ​កិច្ច​ប៉ុស្តិ៍ ។

ករណី​ចោរកម្ម​នេះ​បាន​កើតឡើង​កាលពីវេលារំលងអធ្រាត្រ ឈានចូល​ថ្ងៃ​ពុធ ទី​២៩ ខែឧសភា ឆ្នាំ២០១៩​នេះ នៅចំណុចក្នុង​បន្ទប់​គណនេយ្យ របស់​ក្រុមហ៊ុនផលិតឥដ្ឋមួយ​ យីហោ​ “អអិក ហ្គ្រីន អ៉ិនដាសស្ទ្រី” (RX​ GREEN INDUSTRIES Co.Ltd) ដែលមានទីតាំងស្ថិត​ក្នុងភូមិ​ព្រែក​ត្រែង ឃុំ​សិ​ត្បូ ស្រុក​ស្អាង ខេត្តកណ្ដាល ។

បេីតាមរបាយការណ៍របស់សមត្ថកិច្ចបានអោយដឹងថា ជន​រង​គ្រោះឈ្មោះ ឡៅ ស៊ី​ហ្គុ​ន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរជានាយកក្រុមហ៊ុនផលិតឥដ្ឋ RX GREEN (កេីតខាងលេី) មាន​ទីលំនៅ​ក្រុងភ្នំពេញ ។ បាត់​បង់លុយ​ដុល្លារ​ចំនួន​១៤៥,១០០​ដុល្លារ (ដប់បួនម៉ឺនប្រាំពាន់មួយរយដុល្លារ) និង​សម្ភារ​មួយ​ចំនួន ។

យោងតាមសកម្មភាពនៅក្នុងកាមេរ៉ាសុវត្ថិភាព​ ដែលបុគ្គលិកក្រុមហ៊ុនម្នាក់​ ធ្វេីការបំភ្លឺប្រាប់ឲ្យសមត្ថកិ្ចច្ចបានដឹងថា ៖ នៅវេលាម៉ោង០២:៥៥នាទីទាបភ្លឺ​ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ មានជនមិនស្គាល់ បានធ្វេីសកម្មភាព​គាស់បង្អួចបន្ទប់ដាក់ទូរដែក (មើលតាមកាមេរ៉ាសុវត្ថិភាព) ។ ប្រភពបន្តថា​ លុះរហូតមកដល់វេលាម៉ោង០៧:១៥នាទីព្រឹកថ្ងៃដដែលនេះ បុគ្គលិកបានចូលមកបំរេីការងារដូចសព្វដង​ ហេីយនៅពេលចាក់សោរទ្វាររួច ទ្វារបេីកមិនរួចទេ ទេីបមានការសង្ស័យ ហេីយក៏នាំគ្នាទៅមេីលខាងក្រោយ ឃេីញស្នាមគាស់បង្អួច ទើប​ផ្អេីលឆោឡោ និងរាយការណ៍​ប្រាប់សម​ត្ថិ​កិច្ច​ប៉ុស្តិ៍​សត្បូ​បានដឹងផងដែរ ។

បន្ទាប់ពីទទួលបាន​ព័ត៌មាន​នេះភ្លាម​​ កម្លាំងជំនាញពាក់ព័ន្ធ​ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ចុះទៅពិនិត្យមើល​ស្លាកស្នាម ដែលបានបន្សល់ទុកនៅកន្លែងកេីតហេតុ​ ដេីម្បីធ្វេីការស្រាវ​ កំណត់មុខសញ្ញា​ តាមចាប់ក្រុមចោរដ៏ជំនាញនេះ​ យកមកផ្តន្ទាទោសតាមផ្លូវច្បាប់​អោយខានតែបាន​៕ ដោយបងម៉េង​