បុរសម្នាក់ខ្ទាតផ្លោងបាក់ដៃចេញឆ្អឹង ព្រោះតែបុរសស្រវឹងស្រា​ បេីកអាព្រូស លឿនដូចហោះទៅបុក​ ហេីយបេីករត់​ ហេីយផ្ទុះកង់ទៅមុខលែងរួច​ អ្នកភូមិស្ទាក់ព័ទ្ធជិត​ ផ្អេីលសមត្ថកិច្ចខណ្ឌមានជ័យ ចុះវាយខ្នោះនាំម្ចាស់រថយន្តបង្ក​ ចេញមក​ប៉ុស្តិ៍​ វាស់ជាតិអាកុល ០,៩០ក្នុង១លីត្រខ្យល់!


រាជធានីភ្នំពេញ ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ដោយបុរសម្នាក់ស្រវឹងស្រា បានបើករថយន្តយ៉ាងលឿនជ្រុលចង្កូតទៅបុក ម៉ូតូពេញទំហឹងដួលបោកទៅលើថ្នល់ បណ្តាលឲ្យអ្នកជិះម៉ូតរងរបួសបាក់ដៃ ចេញឆ្អឹងមកក្រៅ ព្យាយាមបើករថយន្តរត់គេច បានចម្ងាយប្រហែល ១០០ម៉ែត្រ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋអស់មួយភូមិ មកស្ទាក់ចាប់បាន រួចមិនព្រមឲ្យសមត្ថកិច្ចនាំមកប៉ុស្តិ៍​ទេ​ ដោយបានរារាំងសមត្ថកិច្ចបំណងទាមទារឲ្យសមត្ថកិច្ចវាស់រកជាតិអាកុលក្នុងខ្លួនជនបង្ក ទេីបសមត្ថកិច្ចសុំកម្លាំងអន្តរាគមន៍ចុះមកវាយខ្នោះ នាំជនបង្កចេញពីកន្លែងកើតេហតុ ដោយសារខ្លាចក្រែងកើតមានហិង្សាជាយថាហេតុ​។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បង្កការភ្ញាក់ផ្អេីលពេញភូមិកើតឡើងកាលពីវេលាម៉ោង១០:០៥នាទីយប់ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ តាមបណ្ដោយផ្លូវដួងងៀប ជិតរោងចក្រសេះស សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះជិះម៉ូតូម៉ាក ហុងដាឌ្រីម (Honda Dream) ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1CH-6074 ធ្វើដំណើរពីជើងទៅត្បូង។ ជនបង្កបើករថយន្តម៉ាក តូយ៉ូតាព្រូស (TOYOTA PRIUS) ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BA-6069 មានវ័យប្រហែល ៤០ឆ្នាំ។

សាក្សីដែលឃើញហេតុការណ៍ផ្ទាល់បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ ជនរងគ្រោះធ្វើដំណើរបញ្ជ្រាសទិសគ្នាជាមួយជនបង្ក ស្រាប់តែធ្វើដំណើរមកដល់កន្លែងកើតហេតុ រថយន្តបង្កបើកយ៉ាងលឿន ក៏ជ្រុលចង្កូតទៅបុកម៉ូតូពេញទំហឹង បណ្តាលឲ្យអ្នកជិះម៉ូតូ រងរបួសដាច់កដៃឆ្វេងសន្លប់ស្តូក ចំណែកម៉ូតូខ្ទាតទៅចិញ្ចើមផ្លូវ បន្ទាប់ពីបង្កហេតុរួចព្យាយាមបើករថយន្តរត់គេច បានចម្ងាយប្រហែល ១០០ម៉ែត្រ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋអស់មួយភូមិ មកស្ទាក់ចាប់បាន រួចទាមទារឲ្យសមត្ថកិច្ចវាស់រកជាតិអាកុលក្នុងខ្លួនជនបង្ក និងរង់ចាំសាច់ញាតិជនរងគ្រោះ មកដល់កន្លែងកើតហេតុសិន មុននាំទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាល។

សូមបញ្ជាក់៖​ ភ្លាមៗនោះលោក​វរសេនីយ៍ទោ​ ម៉េង​ វិមានតារា​ អធិការនគរបាលខណ្ឌមានជ័យ​ បានបញ្ជាឲ្តកម្លាំងអន្តរាគមន៍ខណ្ឌមានជ័យ បានចុះទៅវាយខ្នោះ នាំជនបង្កចេញពីកន្លែងកើតេហតុ ដោយសារខ្លាចក្រែងកើតមានហិង្សាជាយថាហេតុ​ និងនាំមកស្នាក់ការប៉ុស្តិ៍រដ្ឋបាលស្ទឹងមានជ័យទី៣​ ធ្វេីការត្រួតពិនិត្យ​ជាតិ​អាកុល​ ដោយរកឃេីញមានជាតិ​អាកុល​ ​០,៩០​មិល្លីក្រាម ​ក្នុង​១​លីត្រ​ខ្យល់​ កម្រិតឃាត់ខ្លួន​ និងរងចាំប្រគល់អោយជំនាញចរាចរណ៍​ ឃាត់ខ្លួន​យកការិយាល័យ​ចរាចរណ៍​ក្រុង។

សូមបញ្ជាក់ថា​ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី​ មាត្រា៧៧​ បានចែងដូចខាងក្រោម ៖ មាត្រា៧៧ ជនណាបើកបរយានយន្តនៅពេលដែលខ្លួនស្ថិតក្នុងភាពស្រវឹង ដោយមានជាតិអាល់កុលចាប់ពី 0,40 (សូន្យក្បៀសសែសិប) មីលីក្រាមក្នុងមួយលីត្រខ្យល់ ឬចាប់ពី 0,80 (សូន្យក្បៀសប៉ែតសិប) ក្រាមក្នុងមួយលីត្រឈាម ឡើងទៅ ត្រូវផ្ដន្ទាទោស ដាក់ពន្ធនាគារពី ១ខែ ទៅ ៦ខែ និងពិន័យជាប្រាក់ ៨០០,០០០ រៀល (ប្រាំបីសែនរៀល) ទៅ ៤០០០,០០០ រៀល (បួនលានរៀល)។

មាត្រា៨៣ ជនណាបើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្នឬមិនគោរពកាតព្វកិច្ចដែលបទប្បញ្ញត្តិស្តីពីចរាចរណ៍ផ្លូវគោកតម្រូវបណ្ដាលឲ្យមានរបួសដល់អ្នកដទៃហើយបណ្ដាលឲ្យអ្នករងគ្រោះ អសមត្ថភាពធ្វើការងារ ក្នុងរយៈពេលស្មើ ឬលើសពី៨ថ្ងៃ គិតពីថ្ងៃកើតហេតុ គឺត្រូវផ្ដន្ទាទោស ដាក់ពន្ធនាគារពី៦ខែ ទៅ២ឆ្នាំ និងពិន័យជាប្រាក់ពី ២០០០,០០០រៀល (ពីរលានរៀល) ទៅ ១០,០០០,០០០រៀល (ដប់លានរៀល) ។

បច្ចប្បន្ន​រថយន្ត​បង្ក​ និងម៉ូតូរបស់ជនរងគ្រោះ​ ត្រូវបានសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ស្ទឹងមានជ័យទី៣ សហការជាមួយ​ផ្នែក​វាស់វែងនៃអធិការដ្ឋានខណ្ឌមានជ័យ ប្រគល់ឲ្យសមត្ថកិច្ចជំនាញ​ ចុះមកវាស់វែង​ និងស្ទូចយកទៅរក្សាទុកបណ្ដោះអាសន្ន​ នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយតាមច្បាប់ រីឯជនរងគ្រោះ ត្រូវបានបញ្ជូនទៅសង្រ្គោះ នៅឯមន្ទីរពេទ្យ៕​ ដោយបងម៉េង​