យុវជនម្នាក់ប្រេីកម្មវិធី Hack ចូល​Facebook គេ​រហូតដល់​២០០​Account ដេីម្បីChat ខ្ចីលុយ​បាន៥០​Account ចុងក្រោយត្រូវសមត្ថកិច្ចឃាត់ខ្លួន!

រាជធានីភ្នំពេញ ៖ ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញារង រៀល សុភិន នៅថ្ងៃទី ៣០ ខែឧសភា ឆ្នាំ២០១៩ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដឹងនាំដោយលោក ឧត្តមសេនីយ៍ទោ ស៊ីវ ឈាន់ អនុប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានសហការជាមួយការិយាល័យ ប្រឆាំងបទល្មើសបច្ចេកវិទ្យានៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នគរបាលប៉ុស្តិ៍ទឹកល្អក់ទី២ និងអធិការដ្ឋាន នគរបាលខណ្ឌទួលគោក ឃាត់ខ្លួនជនសង្ស័យខាងលើនៅត្រង់ចំនុចផ្លូវលេខ១៨២ សង្កាត់ទឹកល្អក២ ខណ្ឌទួលគោក រាជធានីភ្នំពេញ តាមពាក្យបណ្ដឹងរបស់ជនរងគ្រោះ ពីបទលួចចូលប្រើប្រាស់គណនីហ្វេសប៊ុកអ្នកដទៃដោយគ្មានការអនុញ្ញាតិ រួចឆាតទៅខ្ចីប្រាក់ពីមិត្តភ័ក្រនៅក្នុងហ្វេសប៊ុក ដោយតម្រូវឲ្យផ្ញើប្រាក់តាមក្រុមហ៊ុនវេរប្រាក់ ដែលកន្លងមកនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានទទួលពាក្យបណ្ដឹង ជាច្រើនពីជនរងគ្រោះ ហើយជនសង្ស័យខាងលើបានធ្វើការឆបោកប្រាក់ជាច្រើនសារ ដោយជនសង្ស័យខាងលើបានសារភាពថាពិតជាបានលួចចូលគណនីហ្វេសប៊ុកបាន ប្រហែល២០០គណនី និងជាង ៥០គណនីទទួលបាន ប្រាក់ ពីការឆបោក ។

ជនសង្ស័យឈ្មោះ គ្រួច ស៊ីឆៃ ភេទប្រុស ជនជាតិខ្មែរ សញ្ជាតិខ្មែរ កើតថ្ងៃទី១៧ ខែឧសភា ឆ្នាំ១៩៩៧ មុខរបរ មិនពិតប្រាកដ កំរិតវប្បធម៌ ថ្នាក់ទី១២ មានស្រុកកំណើត នៅសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទីលំនៅបច្ចុប្បន្ន ផ្លូវ១៩៨១ សង្កាត់ភ្នំពេញថ្មី ខ័ណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ជនសង្ស័យបច្ចុប្បន្ន ត្រូវបាននាយកដ្ឋានប្រឆាំងបទល្មើស បច្ចេកវិទ្យា កសាងសំណុំរឿងបញ្ជូនទៅតុលាការ ។

ឯឧត្តម ឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានមានប្រសាសន៍ និងក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋដែលប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកត្រូវមានការប្រុងប្រយ័ត្នក្នុងករណីដែលមានការឆាត (Messenger) ខ្ចីប្រាក់ពីបណ្ដាញសង្គម ការខ្ចីប្រាក់សរសេរជាអក្ស ឬផ្ញើសារជាសំលេង ដោយអោយផ្ញើប្រាក់ទៅលេខដែលមិនមែនជាលេខរបស់ម្ចាស់គណនីហ្វេសប៊ុក សូមឲ្យមានការទូរស័ព្ទ (Call) ទៅបញ្ជាក់ពីម្ចាស់គណនីហ្វេសប៊ុកអំពីការខ្ចីប្រាក់មុុននឹងផ្ញើប្រាក់ទៅ៕

ប្រភព ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា
កែសម្រួល​ដោយ​ ៖ បងម៉េង​