ជីវិតលេីដងផ្លូវពិតផុយស្រួយណាស់​ បេីយេីងខ្វះការប្រុងប្រយ័ត្ន​ ជិះម៉ូតូឌុបគ្នា​ លឿនជ្រុលទៅបុកទ្រូងផ្លូវ មុខបន្ទាយអាវុធហត្ថក្រុង​ បណ្តាលឲ្យរងរបួសធ្ងន់៣នាក់ តែស្លាប់២នាក់ហេីយ!

ភ្នំពេញ៖ យុវជន៣នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ ត្រូវរថយន្តសាមុយដឹកបញ្ចូនទៅសង្គ្រោះភ្លាមៗ តែស្លាប់២នាក់ហេីយ​ កាលពីម៉ោង៤៖២០នាទីទាបភ្លឺថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវវេងស្រេង ទល់មុខបន្ទាយកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ ក្រោយពីពួកគេ បានជិះម៉ូតូឌុបគ្នាលឿនពេកមិនប្រយ័ត្នជ្រុលទៅបុកឃឿន ពុះចែកទ្រូងផ្លូវពេញទំហឹង។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា គេឃើញជនរងគ្រោះ ៣នាក់ខាងលើ ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង1J-1039 បានឌុកគ្នាយ៉ាងលឿនចេញពីផ្លូវមុនីរ៉េត (ច្រមុះជ្រូកស្ទឹងមានជ័យ) ឆ្ពោះមកផ្លូវវេងស្រេង ក្នុងទិសដៅពីកើតមកលិច ខណៈមក ដល់ចំណុចកើតហេតុ ស្រាប់តែជ្រុលទៅបុកឃឿនពុះចែក ទ្រូងផ្លូវយ៉ាងពេញទំហឹង បណ្ដាលឲ្យដួលរបួសធ្ងន់ធ្ងរទាំង ៣នាក់ រីឯម៉ូតូអូសជិត២០ម៉ែត្រពីខ្លួន។

ក្រោយកើតហេតុ ប្រជាពលរដ្ឋបានទាក់ទងទៅរថយន្តសង្គ្រោះបន្ទាន់ឲ្យមកដឹកជនរងគ្រោះ តែពេលរថយន្តដំបូង មួយគ្រឿងបានមកដល់ឃើញស្ថានភាពជនរងគ្រោះ២នាក់ធ្ងន់ធ្ងរពេកក៏ដឹកយកតែម្នាក់ទៅសង្គ្រោះ រីឯជនរងគ្រោះ២នាក់ទៀត ត្រូវសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ក៏ទាក់ទង ទៅរថយន្តសង្គ្រោះបន្ទាន់ផ្សេងទៀតឲ្យមកដឹកបញ្ចូនទៅគ្លីនិកសួគ៍ាទាំងអស់​ តែក្រោយមកជនរងគ្រោះរបួសធ្ងន់ធ្ងរ២នាក់​ដែលបញ្ជូនទៅសង្គ្រោះតាមក្រោយនោះ​ បានស្លាប់បាត់ហេីយ​។

ចំណែកម៉ូតូជនរងគ្រោះ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុក នៅប៉ុស្ដិ៍នគរបាលរដ្ឋបាល ស្ទឹងមានជ័យ១ រង់ចាំប្រគល់ជូនឲ្យម្ចាស់វិញ៕