ព្រះសង្ឃនិងស្ត្រីរូបស្រស់នៅក្នុងបន្ទប់ផ្ទះសំណាក់តែមួយ សំអាងទៅលើគ្រែពីរ ៤យប់ហើយ អ្នកបួសជាសង្ឃ ស្នាក់នៅបែបនេះ ទោះជាមិនសេពមេថុន ក៏ខុសវិន័យសង្ឃដែរ​ អាចប្រឈមនឹងការផ្សឹក ដោយមិនអាចជៀសបាន!

ខេត្តបាត់ដំបង​ ៖ ព្រះសង្ឃមួយអង្គត្រូវបានសមត្ថកិច្ចធ្វើការនាំខ្លួនយកមកសាកសួរ​ បន្ទាប់ពីមានការសង្ស័យថាអាចល្មើសនឹងវិន័យសង្ឃ​ ដោយបានសម្រាកក្នុងបន្ទប់តែមួយ និងសំអាងទៅលើគ្រែពីរ ហេីយសម្រាកចំនួន៤យប់មកហើយ តែអ្នកបួសជាសង្ឃ ស្នាក់អាស្រ័យជាមួយស្ត្រីបែបនេះ ទោះជាមិនសេពមេថុន ក៏ខុសនឹងវិន័យសង្ឃដែរ ប៉ះពាល់ដល់សាសនា អាចប្រឈមនឹងការផ្សឹកដោយមិនអាចជៀសបាន។

លោក ឆាង វណ្ណឆៃ អធិការនគរបាលក្រុងបាត់ដំបងបានមានប្រសាសន៍ថាក្រោយពីទទួលបានព័ត៌មានច្បាស់ការណ៍និងបន្ទាប់ពីបានសុំការអនុញ្ញាតពីលោកឧត្តមសេនីយ៍ស្នងការស្នងការរងរួចមកនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង២និង២០នាទីរសៀលលោកបានដឹកនាំកម្លាំងចុះទៅកាន់ចំណុចសណ្ឋាគារមួយកន្លែងដែលស្ថិតក្នុងភូមិរំចេក៤ សង្កាត់រតន: ក្រុងបាត់ដំបង ដោយបានស្នើសុំឲ្យបុគ្គលិកសណ្ឋាគារជួយសហការនិងធ្វើការបើកបន្ទប់លេខ៤០៦ដើម្បីពិនិត្យ។

លោកអធិការបានបន្តទៀតថាជាក់ស្តែងក្នុងការត្រួតពិនិត្យគឺក្នុងបន្ទប់គេសង្កេតឃើញមានភិក្ខុសង្ឃមួយអង្គជាមួយនឹងនារីដ៏ស្រស់ស្អាតម្នាក់ផងដែរដោយមិនមានសកម្មភាពអ្វីប្លែកនោះឡើយ។ទើបសមត្ថកិច្ចក៏បាននិមន្តភិក្ខុសង្ឃអង្គនោះរួមជាមួយនារីម្នាក់មកកាន់អធិការដ្ឋានដើម្បីសាកសួរ។

យោងតាមការសារភាពរបស់ភិក្ខុសង្ឃព្រះនាម ឡាយលីន មានព្រះជន្ម៣៦ព្រះវស្សាមានស្រុកកំណើតនៅឃុំរាំងកេសី ស្រុកសង្កែ ខេត្តបាតដំបង ដោយគង់នៅវត្តគណកុដិក្នុងភូមិរំចេក៣ សង្កាត់រតន: មានសង្ឃដីកាថាកាលពីព្រលប់ថ្ងៃទី២៨ ខែឧសភា គឺប្អូនស្រីបង្កើតរបស់ព្រះអង្គដែលមានឈ្មោះគីម វ៉ារី អាយុ២៦ឆ្នាំ ហើយបច្ចុប្បន្ននាងបានចាកចេញពីស្រុកកំណើត នៅឃុំរាំងកេសី ទៅរស់នៅក្នុងខេត្តត្រាវីញ ឬខេត្តតាយីញ ឬខេត្តព្រះត្រពាំង (កម្ពុជាក្រោម) បានទូរស័ព្ទឲ្យទៅទទួលនាង ព្រោះបានឡើងមកលេងខេត្តបាត់ដំបង។

ភិក្ខុសង្ឃអង្គនេះបានបន្តថានៅពេលនោះលោកបានជិះម៉ូតូកង់៣ ទៅទទួលនាងនៅត្រង់ចំណុចរង្វង់មូលព្រាបស ប្រហែលជាម៉ោង៨និង៣០នាទីយប់ ព្រមទាំងបាននាំនាងមកសម្រាកនៅក្នុងសណ្ឋាគារប្រេស៊ីដង់តែម្តងទៅ។

ព្រះសង្ឃបានបន្ថែមថានៅថ្ងៃទី២៩,៣០និង៣១ខែឆ្នាំដដែលលោកបាននាំនាងទៅលេងតាមតំបន់រមណីយដ្ឋាននានាដូចជាប្រាសាទបាណន់ភ្នំសំពៅផ្ទះបុរាណវត្តគរប៉ៃលិនប្រាសាទឯកភ្នំនិងប្រាសាទបាសែត។ល។ ដោយឡែកនៅពេលយប់ គឺសម្រាកក្នុងបន្ទប់តែមួយព្រោះសម្អាងទៅលើគ្រែពីរមានន័យថាសម្រាកចំនួន៤យប់មកហើយ។

ការរៀបរាប់របស់ភិក្ខុសង្ឃអង្គនេះវាដូចជាមានការផ្ទុយស្រឡះទៅនឹងការរៀបរាប់របស់ភាគីនារីដែលមានឈ្មោះពិតគឺ ធិច ធីវ៉ារី អាយុ៣៤ឆ្នាំរស់នៅក្នុងខេត្តត្រាវីញឬព្រះត្រពាំងតាំងពីកើតមករហូតដោយមិនដែលស្គាល់ឃុំរាំងកេសីស្អីនោះទេ​ ដោយនាងបាននិយាយថា​ អាចត្រូវជាបងប្អូនជីដូនមួយនឹងគ្នា​ ឯការធ្វើដំណើរមកនេះ​ គឺជាដំណើរទេសចរណ៍ ដើម្បីចង់ស្គាល់ដោយមានលោក ជាអ្នកជូនដើរដោយត្រៀមវិលត្រឡប់ទៅកម្ពុជាក្រោមវិញ នាថ្ងៃទី១នេះក៏ស្រាប់ជួបរឿងបែបនេះតែម្តង។

បើទោះបីជាមិនមានភាគីណាមួយសារភាពអំពីការរួមមេត្រីភាពជាមួយគ្នាយ៉ាងណាក៏ដោយក៏ប្រភពមួយចំនួនបានអះអាងថាវាពិតជាខុសនឹងវិន័យសង្ឃបាត់ទៅហើយពិសេសគឺខូចសាសនាតែម្តង។នៅក្នុងខណ:នោះដែរសមត្ថកិច្ចបានប្រគល់ភិក្ខុសង្ឃនោះទៅឲ្យលោកគុណសម្បត្តិមុនីរតន៍ដែលជាប្រធានមន្ទីរធម្មការខេត្តដើម្បីពិចារណាដោយនៅពេលនោះក៏មានព្រះមហាពេជ្រសៀកលេខាធិការគណខេត្តនិងលេខាអនុគណក្រុងបាត់ដំបងបាននិមន្តចូលរួមផងដែរប៉ុន្តែប្រភពមួយបានបង្ហើបថាអាចប្រឈមនឹងការផ្សឹកដោយមិនអាចជៀសបាន។

តែទោះជាយ៉ាងណាក្តី អ្នកបួសជាសង្ឃស្នាក់អាស្រ័យជាមួយស្ត្រី បែបនេះ ទោះជាមិនសេពមេថុន ក៏ខុសនឹងវិន័យសង្ឃដែរ ប៉ះពាល់ដល់សាសនា ។​ ក្រោយពីនាំទៅសាកសួរនៅអធិការដ្ឋាននគរបាលក្រុងបាត់ដំបងរួច ព្រះសង្ឃអង្គខាងលើ ត្រូវបានប្រគល់ជូនទៅ មន្ទីរធម្មការ មានព្រះមហា ពេជ្រ សៀក លេខាធិការ​គណ​ខេត្ត និងលេខា​អនុគណ ក្រុង​បាត់ដំបង ​និមន្ត​ចូលរួម​ផងដែរ​ ដើម្បីសាកសួរបន្ត ៕