តួនាទី​របស់​អ្នកសារព័ត៌មាន​ក្នុងការ​ឆ្លើយតប​ទៅនឹង​ការជួញដូរ​សត្វព្រៃ

នៅព្រឹកថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០១៩ អង្គការ WCS សហការជាមួយក្លឹបអ្នកកាសែតកម្ពុជា បានរៀបចំសិក្ខាសាលាស្តីពី «តួនាទីរបស់អ្នកសារព័ត៌មានក្នុងការឆ្លើយតបទៅនឹងការជួញដូរសត្វព្រៃ» នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ ដោយមានអ្នកសារព័ត៌មានក្នុងស្រុកចូលរួមសរុបចំនួន ៨០រូប មកពី ២៤អង្គភាព។

សិក្ខាសាលានេះ មានគោលបំណង (១) លើកកម្ពស់ការយល់ដឹងរបស់អ្នកសារព័ត៌មាននិងបង្កើនការផ្សព្វផ្សាយអំពីបញ្ហាជួញដូរសត្វព្រៃខុសច្បាប់នៅលើប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា (២) ពិភាក្សាអំពីតួនាទីនិងយន្តការសម្របសម្រួលរបស់ស្ថាប័នពាក់ព័ន្ធរបស់រដ្ឋាភិបាលដើម្បីពង្រឹងការអនុវត្តច្បាប់ទប់ស្កាត់និងបង្ក្រាបការជួញដូរសត្វព្រៃ និង (៣) លើកកម្ពស់ការយល់ដឹងរបស់សាធារណជនឲ្យបានកាន់តែទូលំទូលាយអំពីបទល្មើសជួញដូរសត្វព្រៃ ដែលត្រូវបានគេចាត់ទុកថាជា «បទល្មើសធ្ងន់ធ្ងរ»។