ស្ទើរ​មិន​ជឿថា ខេមរៈ សិរីមន្ត ធ្វើបែបនេះ​នៅក្នុង​ថ្ងៃ​ខួបកំណើត !

ថ្មីៗ​នេះ​គេ​បានឃើញ​តារាចម្រៀង​ប្រចាំ​ផលិតកម្ម​ហង្ស​មាស​លោក ខេ​មរៈ សិរីមន្ត បាន​ដើរ​រើស​សំរាម​នៅតាម​ទីសាធារណៈ ។ ទង្វើរ​របស់តារាចម្រៀង​រូបនេះ​ទទួលបាន​ការសរសើរ ​និង​ចាប់អារម្មណ៍​ពី​សំណាក់​មហាជន​ជាច្រើន​។ អ្វីដែល​ចាប់អារម្មណ៍ ខេមរៈ សិរីមន្ត បាន​យកថ្ងៃកំណើត​របស់ខ្លួន​ស​ម្រា​ប់​ធ្វើ​សកម្មភាព​បែបនេះ ។

​ក្នុងនាម​ជា​តារាចម្រៀង​ដែលមាន​ឈ្មោះ​បោះ​សម្លេង ខេមរៈ សិរីមន្ត បានធ្វើ​សកម្មភាព​ដែល​គួរឱ្យ​សរសើរ​ដោយ​លោក​បាន​ជ្រើស​យក​ថ្ងៃកំណើត​របស់លោក​កាលពី​ថ្ងៃទី ០៣ កន្លងទៅនេះ​ដោយ​ការដើរ​រើស​សំរាម​នៅតាម​ទីសាធារណៈ ។ នេះ​ជា​លើកដំបូង​ដែល​គេ​បានឃើញអ្នកសិល្បៈ​ធ្វើ​សកម្មភាព​បែបនេះ​នៅក្នុង​ថ្ងៃ​ពិសេស​របស់លោក ។ មានការ​សរសើរ​ និង​ គាំទ្រ​ចំពោះ​សកម្មភាព​របស់លោក ខេមរៈ សិរីមន្ត ពី​សំណាក់​មហាជន​ជាច្រើន ។ ក្រៅពី​ធ្វើ​សកម្មភាព​សំអាត​បរិស្ថាន​នេះ ខេមរៈ សិរីមន្ត មិនបាន​ធ្វើ​ពិធី​ខួបកំណើត​អធិកអធម​នោះទេ ។ តែ​យ៉ាងណាក៏ដោយ ​លោក​ទទួល​បានការ Surprise នំខួបកំណើត​ពី​សំណាក់​អ្នកគាំទ្រ ។

​ជាមួយនឹង​សកម្មភាព​សំអាត​បរិស្ថាន​បែបនេះ​លោក ខេមរៈ សិរីមន្ត​បាន​បង្ហោះ​សារ​ដែលមាន​អត្ថន័យ​ថា ​«​រាល់​ការធ្វើ​ទង្វើ​ល្អ​ដល់​សង្គមចូរ​កុំ​មានការ​ខ្មាស់អៀន​ឡើយ​។ ថ្ងៃនេះ​ជា​ថ្ងៃកំណើត​របស់ខ្ញុំ ខ្ញុំ​នឹង​ធ្វើ​ការងារ​បរិស្ថាន​ និង​ ជួយ​ចែករំលែក​ការងារ​បងៗ​ផ្នែកអនាម័យ និង ចង់​ស្វែងយល់​អំពី​ការងារ​របស់​ពួកគាត់​ផងដែរ ។ ចូរទុកដាក់​សំរាម​ឱ្យបាន​ត្រឹមត្រូវ​ធ្វើឱ្យ​បរិស្ថានស្អាត​សុខភាព​ល្អ​សម្រាប់​សង្គមជាតិ ទាំងអស់គ្នា​»​។​

​ចុង​ក្រោយនេះ​តារាចម្រៀង ខេមរៈ សិរីមន្ត កាន់តែ​បើកចំហរ​ពី​ជីវិត​ឯកជន ។ ជាក់ស្តែង​ថ្មីៗ​លោក​បានបង្ហាញ​ពី​រូបភាព​ជាមួយ​ភរិយា និង​កូនប្រុស​ស្រី​ទាំងពីរ ​ហើយ​ឆាប់ៗ​ខាងមុខនេះ​លោក​នឹង​ទទួល​សមាជិក​ថ្មី​ម្នាក់ទៀត ៕

ដោយ ៖ ចេ​នី
​រូបថត ៖ ​ហ្វេ​ស​ប៊ុ​ក