(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា តាមរយៈមជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថល និងការអប់រំពីចម្ងាយ (CDDE) នឹងរៀបចំកម្មវិធីបង្រៀនជាលក្ខណៈផ្សាយបន្តផ្ទាល់ (LIVE) ចាប់ពីថ្ងៃទី២៩ ខែញ្ញា ឆ្នាំ២០២៥ខាងមុខនេះតទៅ ដោយឥតគិតថ្លៃ លើមុខវិជ្ជាចំនួន៤ រួមមាន៖ រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា និងគណិតវិទ្យា សម្រាប់សិស្សានុសិស្សដែលមានបំណងប្រឡងចូលរៀននៅកម្រិតឧត្តមសិក្សា។
ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥នេះ លោកបណ្ឌិត សាន វឌ្ឍនា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា គោលដៅនៃកម្មវិធីបង្រៀននេះ គឺដើម្បីជាជំនួយដល់ការបំប៉នសមត្ថភាពដល់សិស្សានុសិស្សដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងផ្តល់ឱកាសប្រកបដោយសមធម៌សម្រាប់បេក្ខជនដែលមានបំណងប្រឡងចូលរៀននៅគ្រឹះស្ថានឧត្តមសិក្សា។
ជារៀងរាល់ឆ្នាំមានបេក្ខជនប្រមាណ ៤ ០០០នាក់ បានដាក់ពាក្យប្រឡងចូលរៀននៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ហើយជិត ៤០០០នាក់ទៀត ក៏ត្រូវដាក់ពាក្យប្រឡងចូលរៀននៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ ក្រៅពីនេះដេប៉ាតឺម៉ង់គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា និងជីវវិទ្យា ក៏សុទ្ធសឹងតែជាកម្មវិធីសិក្សាថ្នាក់ឧត្តមសិក្សាដែលមានបេក្ខជន ដាក់ពាក្យប្រឡងចូលរៀនច្រើន។ អាស្រ័យហេតុនេះហើយទើបក្រសួងអប់រំ យុវជន និងកីឡា តាមរយៈមជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថល និងការអប់រំពីចម្ងាយ នឹងរៀបចំកម្មវិធីបង្រៀនជាលក្ខណៈផ្សាយបន្តផ្ទាល់ចាប់ពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ខាងមុខនេះតទៅ ដើម្បីបង្ហាញពីគន្លឹះដោះស្រាយសំណួរ និងលំហាត់ ដែលបង្រៀនដោយសាស្រ្តាចារ្យដ៏ល្បីៗ និងមានបទពិសោធន៍ខ្ពស់។
សិស្សានុសិស្សគ្រប់រូបអាចចូលរៀនក្នុងកម្មវិធីនេះដោយឥតគិតថ្លៃ ដោយចូលទស្សនាការបង្រៀនដោយការផ្សាយបន្តផ្ទាល់តាម https://live-teaching.duraseksa.gov.kh (https://live-teaching.duraseksa.gov.kh/) ឬស្កេនលើ QR Code។ ក្នុងអំឡុងពេលនៃការរៀនសិស្សដែលមានចម្ងល់អាចសាកសួរដោយផ្ទាល់ទៅកាន់សាស្រ្តាចារ្យ ហើយចម្ងល់ទាំងនោះនឹងទទួលបានការស្រាយបំភ្លឺតបជូនទៅកាន់សិស្សានុសិស្សវិញ។ ក្រៅពីការបង្រៀនដោយការផ្សាយបន្តផ្ទាល់ពីសំណាក់សាស្រ្តាចារ្យទាំង ៤រូប មជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថល និងការអប់រំពីចម្ងាយក៏នឹងអញ្ជើញនិស្សិតឆ្នាំទី១នៃសាកលវិទ្យាល័យ ដែលទើបប្រឡងចូលរៀនដោយជោគជ័យកាលពីឆ្នាំមុន មកចែករំលែកបទពិសោធន៍ស្តីពីការប្រឡង និងការត្រៀមខ្លួនដើម្បីប្រឡងឱ្យបានជោគជ័យ។
ក្រសួងអប់រំ យុវជន និងកីឡា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅគោរពជូនលោកសាស្រ្តាចារ្យគ្រប់រូប ចំពោះការចំណាយពេលវេលាបង្រៀន ដោយកម្លាំងកាយ និងកម្លាំងចិត្ត ដើម្បីជាប្រយោជន៍សម្រាប់សិស្សានុសិស្សកម្ពុជា៕