លោកនាយករដ្ឋមន្ត្រី Modi ជំរុញឱ្យប្រជាជនឥណ្ឌាឈប់ប្រើផលិតផលបរទេស ចំពោះមុខភាពតានតឹងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក

(ញូវដែលី)៖ នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi នៅក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យ ទី២១ ខែកញ្ញា បានអំពាវនាវឱ្យប្រជាជនឥណ្ឌាបញ្ឈប់ការប្រើប្រាស់ផលិតផល ផលិតដោយបរទេស ហើយងាកមកប្រើផលិតផលនៅក្នុងស្រុកវិញ ក្នុងបរិបទដែលរដ្ឋាភិបាលរបស់លោកកំពុងធ្វើយុទ្ធនាការជំរុញការពឹងផ្អែកលើខ្លួនឯង ចំពោះមុខភាពតានតឹងនៃទំនាក់ទំនងពាណិជ្ជកម្ម ជាមួយសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

នៅបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ យកពន្ធគយ៥០ភាគរយលើទំនិញនាំចូលពីឥណ្ឌា លោក Modi បានចាប់ផ្ដើមជំរុញការប្រើប្រាស់ផលិតផលក្នុងស្រុក ឬ made-in-India ដោយក្នុងនោះអ្នកគាំទ្ររូបលោកធ្វើពហិការផលិតផលក្រុមហ៊ុនអាមេរិកក្នុងនោះរួមមាន McDonald, Pepsi និង Apple ដែលសុទ្ធសឹងជាប្រេនផលិតផលដ៏មានប្រជាប្រិយភាពនៅឥណ្ឌា។

ក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យ លោក Modi បានកត់សម្គាល់ថា «មានទំនិញជាច្រើនដែលយើងកំពុងប្រើប្រាស់ប្រចាំថ្ងៃ គឺជាទំនិញបរទេស ដោយគ្រាន់តែយើងមិនដឹងខ្លួន...ដូច្នេះចាប់ពីឥលូវនេះទៅ យើងត្រូវតែឈប់ប្រើផលិតបរទេស។ យើងគួរតែទិញផលិតផលដែលផលិតក្នុងប្រទេសឥណ្ឌា»។ លោក Modi មិនបានបញ្​ចេញឈ្មោះប្រទេសណាមួយនោះទេ។

គួរបញ្ជាក់ថា ឥណ្ឌាដែលមានប្រជាជនជាង ១.៤ពាន់លាននាក់ គឺជាទីផ្សារដ៏សំខាន់សម្រាប់បណ្ដាក្រុមហ៊ុនសហរដ្ឋអាមេរិក ជាពិសេសការបញ្ជាទិញទំនិញអាមេរិកតាមរយៈក្រុមហ៊ុនអាមេរិក Amazon៕

Previous Post Next Post